Friday, May 1, 2015

ចៀនស្លាបមាន់​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់


                          
គ្រឿងផ្សំ
- ស្លាបមាន់ ៨-១០ស្លាប 
- ខ្ទឹមស ៣កំពឹសដុំបែក
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង បន្តិច
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ ឬតាមការចូលចិត្ត
- ប្រេងឆា 

+ វិធីធ្វើ
១. មុន​ដំ​បូង​​ត្រូវ​​យក​ស្លាប​​មាន់​​មក​​ដាក់​ប្រឡាក់​​ដែល​​មាន​គ្រឿង​​ផ្សំ​ដូច​ជា​៖ ខ្ទឹមស, ស្ករស, អំបិល, ប៊ីចេង, ម្សៅស៊ុប និង​ម្រេច​ រួច​ហើយ​​ទុក​វា​ឲ្យ​​ចូល​​ជាតិ។
២. បន្ទាប់​​ពី​សាច់​មាន់​ចូល​រស់​ជាតិ​បាន​សព្វ​ហើយ ត្រូវ​​​យក​ប្រេង​ឆា​ដាក់​ចូល​ទៅ​ក្នុង​​ខ្ទះទុក​វា​ឲ្យ​ក្តៅ​បន្តិចសិន​ បន្ទាប់​មក​​ដាក់​ស្លាប​មាន់​ចូល។

៣​​. ទុក​ឲ្យ​​វា​ឆ្អិន​​ម្ខាង​សិន​ បន្ទាប់​មក​​ត្រ​ឡប់​មក​ម្ខាង​ទៀត​​ឲ្យ​ឆ្អិន​ដូច​គ្នា​ រួច​ហើយ​​មើល​​ទៅ​​វា​រាង​ក្រៀម​ឡើង​ក្រហម​អាច​​ដួស​​ទុក​ញ៉ាំ​​បាន​ហើយ៕

បង្គារបំពងខ្ទិះដូង


                  
រឿងផ្សំ
- បង្គារ ៥០០ក្រាម យកសំបកចេញ
- ខ្ទិះដូង កន្លះកូនចាន
- ម្សៅឆា ១០០ក្រាម
- ស៊ុត ២គ្រាប់
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ១កូនចាន

+ វិធីធ្វើ

១. មុន​ដំ​បូង​ត្រូវ​យក​ខ្ទិះ​ដូង ម្សៅឆា ស៊ុត និងអំបិល​​លាយ​បញ្ចូល​គ្នា​ឲ្យបាន​សព្វល្អ។
២. បន្ទាប់​មក​យក​បង្គារដែល​បាន​បក​សំបក​ស្អាត​ហើយ​​​មក​ដាក់​ចូល​​ប្រឡាក់​​ឲ្យ​ជាប់​ជា​មួយ​បង្គា។

៣. យក​បង្គា​ដែល​បាន​ប្រឡាក់​ជាប់​ជា​​មួយ​គ្រឿង​​បាន​លាយសព្វ​ មកដាក់​​​បំ​ពង​ បន្ទាប់​មក​មើល​រហូត​ទាល់​តែ​ឆ្អិន​ រួច​ហើយ​គេ​យក​​វា​មក​ញ៉ាំជា​មួយ​ទឹក​ជ្រលក់​ជូអែម៕

ក្តាម​សមុទ្រ ឆាគ្រឿង




                
រឿងផ្សំ
- ក្តាម ២ បកកាត់ជាដុំៗដាក់ត្រាំទឹក ជើងកាត់ខាងចុងចេញបន្តិចរួចដំបន្តិចដែរមុនដាក់ត្រាំទឹក
- គ្រឿង ២ស្លាបព្រាបាយ (គ្រឿងបុកហើយ)
- ស្លឹកខ្ទឹម ៣ គល់កាត់ ២ ថ្នាំងដៃ
- ម្ទេស ១ ស្លាបព្រាបាយ (ម្ទេសឆា)
- ស្ករស ១ ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមស ៤ កំពឹសចិញ្ច្រាំឲ្យម៉ត់
- ប្រេងឆា ៣ ស្លាបព្រាបាយ

វិធីធ្វើ
១. ជា​ដំបូង​ដាក់​ប្រេងឆា​ចូល​ក្នុង​ខ្ទះឲ្យ​ក្តៅ បន្ទាប់​មក​ដាក់​ខ្ទឹមស ​និងគ្រឿង​ចូល​ ហើយ​រំលីញ​បន្តិច​សិន​ទើប​ដាក់​ម្ទេស​រំលីញ​ជា​មួយ​គ្នាដែរ​រូចហើយ​បន្ថែម​ ស្ករស ​និង​អំបិល​រំលីញ​រហូត​ទាល់​តែគ្រឿង​ឡើង​ក្រហម។​
២. ស្រង់​ក្តាម​ដែល​អ្នក​បាន​ត្រាំ​យក​មក​ដាក់​ក្នុង​គ្រឿង​ដែល​បាន​រំលីង រួច​ហើយ​​ឆា​បញ្ចូល​គ្នា រងាស់​ប្រហែល​ជា ​១០-១៥ នាទីទើប​ដាក់​ស្លឹកខ្ទឹម​ចូល គ្រប​បន្តិច​ទៀតល្មម​តែ​ស្លឹក​ខ្ទឹម​ទ្រោមជា​ការ​ស្រេច។
៣. ទឹក​គ្រឿង​ដែល​ត្រូវ​ជ្រលក់​ជា​មួយ​ក្តាម​ ខ្ទឹមស ​និង​ម្ទេស​ បុក​ឲ្យម៉ត់​ រួច​បន្ថែម ​ស្ករស, ក្រូចឆ្មា​ និង​ទឹកត្រី​ រសជាតិ​ផ្សំទៅតាមចំណូល​ចិត្ត៕

បង្កងទ្រង់គ្រឿង

                                        

គ្រឿងផ្សំ
- បង្កង ៥០០ក្រាម​វះ​ខ្នង​ស្រស់​បេះ​យក​សាច់
- ម្ទេសប្លោក ១ចំហៀងផ្លែហាន់​ជា​ដុំ​បួន​ជ្រុង​តូច​ល្មម
- ប៉េងប៉ោះ ១ផ្លែហាន់​ជា​ដុំ​បួន​ជ្រុង​តូច​ល្មម
- ខ្ទឹមបារាំង ១ចំហៀង​ផ្លែ​ហាន់​តូច​ល្មម
- ផ្សិតចំបើង ២០០ក្រាម​ហាន់​ជាដុំ
- ម្ទេស ដាក់​តាម​ការ​ចូល​ចិត្តហាន់​បញ្ឆិត​វែង
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស កន្លះ​ស្លាបព្រាបាយ
- អំបិល ១ចិប
- ជីវ៉ាន់ស៊ុយ ដាក់​តាម​ការចូលចិត្ត
- ប្រេងឆា ៣ស្លាបព្រាបាយកន្លះ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ

 វិធីធ្វើ
១. ដំ​បូងត្រូវ​ដាំ​ទឹកដាក់​ស្រស់​បង្កង​ឲ្យ​ឆ្អិន​ជា​មុន​សិន ​​(ដាក់ប្រេង​ឆា​ចូល​ក្នុង​ទឹក​ ១​ស្លាបព្រាបាយ) ហើយ​ទុក​បង្កងឲ្យ​ត្រ​ជាក់​ចាំ​យក​មក​បេះ​សាច់​​​រួច​ហាន់​ជា​ដុំៗ។​
២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង​ចូល​​ឆា​បន្តិច​សិន​ទើប​បន្ថែម​ ម្ទេស​ប្លោក​ឆា​ពីរបី​ត្រឡប់​ ចាំ​ដាក់
​ផ្សិត​ចំបើង​ ម្ទេស ប៉េងប៉ោះ ឆា​បញ្ចូល​គ្នា​ រួច​ហើយ​ដាក់​ប្រេង​ខ្យង​ ទឹក​ត្រី ប៊ីចេង ស្ករស អំបិល ​ម្សៅ​ឆា និងបន្ថែម​ទឹក​បន្តិច​បន្តឆា​មួយ​​មួយ​ភ្លេតទៀត។ 
៣. បន្ទាប់​ពី​នោះ​មក​ត្រូវ​ដាក់​បង្កង​ដែល​បាន​ហាន់​រួច​ចូល​ឆា​ត្រឡប់​បន្តិច​ដួស​ដាក់​ចាន​រៀប​ជី​វ៉ាន់​ស៊ុយ​​ដាក់​ពីលើ​ជា​ការស្រេច៕​

បង្គាបំពងស្រោចទឹកសៀង





              
រឿងផ្សំ
- បង្គា ៥០០ក្រាមយកពុកមាត់ ជើងចេញ
- ទឹកសៀង, ប្រេងខ្យង, ប្រេងល្ងរ, ទឹកគីមបួយ, ស្ករស, ម្សៅស៊ុបលាយបញ្ចូលគ្នារស់ជាតិជូផ្អែម
- ជីវ៉ាន់ស៊ុយហាន់ កន្លះកូនចាន
- ប៉េងប៉ោះ ១ផ្លែចិតជា​ចំណិត និងសាឡាដបន្តិចរៀប​ដាក់​ខាង​ក្រោម​បង្គា
- ប្រេងឆា ១ចាន 

 វិធីធ្វើ
១. ជា​ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​រួច​ហើយ​យក​បង្គា​មក​ដាក់​បំពង​ទុក​ប្រហែល​ជា​ ៣-៤នាទី​បង្គា​ឆ្អិន​ ហើយ​ស្រង់​ទុក​​​ឲ្យ​​ស្រក់​ប្រេង​អស់​​ សុំ​រៀប​ដាក់​ចាន។
២. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​បន្តិច​ទុក​ឲ្យ​ក្តៅ​ បន្ទាប់​មក​ដាក់​ទឹក​សៀង​ដែល​បាន​លាយ​រួច​ហើយ​ចូល​ឆា​មួយ​ភ្លេត​ចាំ​ដាក់​​ជី​វ៉ាន់​ស៊ុយ​ចូល​ឆា​វា ​២-៣​ត្រឡប់។​
៣. យក​ទឹក​សៀង​ដែលបាន​​ឆា​រួច​ទៅស្រោចពី​​លើ​បង្គា​​ដែល​បាន​រៀប​ដាក់នៅ​ក្នុង​​ចាន​ឲ្យ​សប់​ជា​ការ​ស្រេច៕

Monday, April 27, 2015

បង្គាអប់អំបិលម្ទេស



               
 គ្រឿងផ្សំ
- បង្គា ៥០០ក្រាមយកក្បាលចេញ
- គល់ស្លឹកគ្រៃ ២គល់ហាន់បញ្ឆិតវែង
- អំបិលបុកម្ទេស ១ស្លាបព្រាបាយកន្លះ(ផ្សំគ្រឿងតាមការចូលចិត្ត)
- ខ្ទឹមស ៥កំពឹសដំឲ្យបែក

 វិធីធ្វើ
១. ដំបូងយកបង្គាដាក់ចូលក្នុងចានធំមួយ បន្ទាប់មកដាក់ខ្ទឹមស គល់ស្លឹកគ្រៃ និងអំបិលបុកម្ទេសចូលជាមួយដែរ។
២. ចាប់ផ្តើមច្របល់ចូលគ្នាឲ្យអំបិលចូលជាតិជាមួយបង្គាឲ្យបានសប់ល្អ រួចហើយយកវាខ្ចប់ជាមួយក្រដាសអាលុយមីញ៉ូម។
៣. នៅពេលដែលខ្ចប់រួចរាល់ហើយត្រូវយកវាទៅដាក់ចំហុយប្រហែលជា ៥នាទី(ចាប់គិតពីពេលដាក់ទឹកពុះ) ជាការស្រេច៕

មឹកបំពង​ទឹកម្ទេស

                                                 
រឿងផ្សំ
- មឹកហាន់កង់ៗ ឬគ្រាន់តែ​ឆូត​កុំ​ឲ្យដាច់ ៥០០ក្រាម
- ម្ទេសចង្អុលមេឃយកពណ៌ក្រហមចិញ្ច្រាំ​ឲ្យ​ល្អិត​ ៦គ្រាប់
- ស្ករស ១ស្លាបព្រាបាយ
- អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
- ទឹកខ្មេះ ១ស្លាបព្រាបាយ
- ទឹកសុទ្ធ ៥ស្លាបព្រាបាយ 
- ប្រេងឆាទុកបំពង ១ចានចង្កិះ

 វិធីធ្វើ
១. ចាប់​ផ្តើម​​មឹក​បំពង​ឲ្យ​ឡើង​ក្រហម​ ហើយ​ដួស​ទុក​មួយ​ឡែក​។​
២. ​បន្ទាប់​មកចាប់​ដាក់​បេង​ឆា​ក្នុង​ខ្ទះឲ្យ​ឡើង​ក្តៅ រួច​ដាក់ស្ករ​, អំបិល,​ ម្ទេស, ​ទឹកខ្មេះ ​និង​ទឹក​សុទ្ធ​ចូល​ក្នុង​ខ្ទះ​កូរ​ឲ្យ​ឡើង​ខាប់​ ហើយ​យក​ទៅ​ស្រោច​ពី​លើ​មឹក​ដែល​បំពង​រួច​ជា​ការ​ស្រេច៕